អង្គការចីរភាពបរិស្ថានកម្ពុជា សេចក្តីថ្លែងការណ៍ ស្តីពីការចុះផ្សាយព័ត៌មានគ្មានមូលដ្ឋាន របស់គេហទំព័រ The Cambodia Daily

 

អង្គការចីរភាពបរិស្ថានកម្ពុជា (CESO) បានសង្កេតឃើញថា មានជនអនាមិក បានប្រើប្រាស់គណនីហ្វេសប៊ុក ក្លែងក្លាយ តាំងនាមជាមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបង្ហោះនូវសារមូលបង្កាច់បង្អួច នូវកិត្តិយស និងស្នាដៃ របស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងមន្ត្រីគ្រប់ជាន់ថ្នាក់ រួមទាំងមន្ទីរបរិស្ថាន មន្ត្រីឧទ្យានរក្ស ដែលបានខិតខំ លះបង់ទាំងស្មាតី កម្លាំងកាយចិត្ត ក្នុងការអនុវត្តន៍នូវយុទ្ធសាស្រ្តចក្រាបរិស្ថាន ដែលដើម្បីបរិស្ថានកម្ពុជាទទួល បាននូវភាពស្អាត ភាពបៃតង និងចីរភាពបរិស្ថាន។

ក្នុងអំឡុងពេល ១៥ ខែមកនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ជា ច្រើន បាននឹងកំពុងទទួលនូវលទ្ធផលជាទីគាប់ប្រសើរបំផុត ក្នុងនោះរួមមាន យុទ្ធនាការ «ថ្ងៃនេះខ្ញុំ មិនប្រើថង់ប្លា ស្ទិកទេ» មានប្រជាពលរដ្ឋចូលរួមជាង ៩លាន អង្គ/នាក់ ទូទាំងប្រទេស យុទ្ធនាការ «ពន្លកបៃតង» បានធ្វើការ បណ្តុះ ចែក និងបានដាំកូនឈើជាង ១,៥ លានដើម គ្រប់រាជធានី-ខេត្ត នៅតាមសហគមន៍ សាលារៀន ទីសាធារណៈ តំបន់សឹករិចរិល និងនៅសងខាងផ្លូវតាមព្រំដែនជាដើម និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» សំអាតផ្ទះយើង ប្រទេសយើងស្អាត មានប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ ចូលរួមធ្វើសកម្មភាពសំអាតជារៀង រាល់ថ្ងៃរាប់លានអង្គនាក់។

ម្យ៉ាងទៀត កិច្ចការទំនាក់ទំនងលើឆាកអន្តរជាតិ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់បន្ត និងបង្កើនកិច្ចសហប្រតិបត្តិការ ទៅគ្រប់ដៃគូពាក់ព័ន្ធ អង្គការ ស្ថានទូត ក្រុមហ៊ុនវិនិយោគ ដើម្បីពង្រឹង និងពង្រីក សក្តានុពលវិស័យបរិស្ថាននៅកម្ពុជា។

ជាការគួរឱ្យសោកស្តាយ អង្គការចីរភាពបរិស្ថានកម្ពុជា (CESO) បានឃើញការចុះផ្សាយនូវព័ត៌មាន ដែលគ្មានមូលដ្ឋាន និងប្រភពច្បាស់លាស់ ដែលអាចបង្កឱ្យមានការយល់ច្រឡំពីសំណាក់មហាជន តាមរយៈសារ ព័ត៌មាន The Cambodia Daily ក្នុងន័យមូលបង្កាច់បង្អួចនូវកិត្តិយស និងលុបបំបាត់នូវស្នាដៃ របស់មន្ត្រីគ្រប់ ជាន់ថ្នាក់នៃក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែ ទាំងកម្លាំងកាយចិត្ត ការពារ ថែរក្សា ដាំដុះ សំអាត ដើម្បីបុព្វហេតុ ជាតិមាតុភូមិកម្ពុជា។

ការផ្សាយព័ត៌មានមិនពិត និងជាព័ត៌មានក្លែងកាយ របស់អង្គភាព The Cambodia Daily កាលពីថ្ងៃទី៦ ខែធ្នូ ម្សិលមិញនេះ ជាចេតនាមូលបង្កាច់ បរិហាកេរ្តិ៍ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ក្រសួងបរិស្ថាន និងមាន ចេតនាបង្កឱ្យមានភាពចលាចលក្នុងសង្គម។

អង្គការចីរភាពបរិស្ថានកម្ពុជា (CESO) សូមធ្វើការថ្កោលទោសចំពោះ សារព័ត៌មាន The Cambodia Dialy លើការចុះផ្សាយនូវព័ត៌មានមិនពិត គ្មានមូលដ្ឋានជាក់លាក់ និងសូមអំពាវនាវដល់ជនរួមជាតិ និងស្ថាប័ន ពាក់ព័ន្ធជាតិ អន្តរជាតិ កុំជឿលើការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានក្រៅស្រុកខាងលើ ។

អង្គការចីរភាពបរិស្ថានកម្ពុជា (CESO) សូមកោតសរសើរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវសកម្មភាព យ៉ាងផុលផុស របស់ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានគ្រប់ រាជធានី-ខេត្ត ក្នុងអត្ថន័យដើម្បីចីរភាពបរិស្ថានកម្ពុជា។

ថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៤ ការចិរភាពបរិស្ថានកម្ពុជា៕