ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូនលោកស្រី Tania Meyer ប្រធានធនាគារពិភពលោក (World Bank) ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតជូនលោកស្រី Tania Meyer ប្រធានធនាគារពិភពលោក (World Bank) ប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះលោកស្រី Tania Meyer ដែលត្រូវបានតែងតាំងជាប្រធានធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា និងបានជម្រាបជូនលោកស្រី និងសហការី អំពីចក្ខុវិស័យ និងគោលដៅយុទ្ធសាស្ត្រអាទិភាពទាក់ទង នឹងវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីទិដ្ឋភាពទូទៅនៅតំបន់ជនបទ និងការចូលរួមរបស់ក្រសួង ដើម្បីប្រែក្លាយជនបទឱ្យមានភាពរីកចម្រើន មានកំណើនប្រាក់ចំណូលក្នុងគ្រួសារ និងកាត់បន្ថយគម្លាតរវាងជនបទនិងទីក្រុង តាមរយៈការកំណត់យកចក្ខុវិស័យ ៥ឆ្នាំរបស់ខ្លួនគឺ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌”ធានាបានកំណើនប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥រួមមានៈ (ទី១)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, (ទី២)ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ,(ទី៣) ការអភិវឌ្ឍសហគមន៍ជនបទ (ទី៤)ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង(ទី៥)ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។ បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍនៅតំបន់ជនបទ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ផ្សេងទៀតផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីបញ្ហាប្រឈមដែលកើតមាននៅតំបន់ជនបទ និងទិសដៅបន្តដែលក្រសួងអភិវឌ្ឍន៍ជនបទកុំពុងយកចិត្តទុកដាក់ក្នុងការអនុវត្ត ព្រមទាំងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ តាមរយៈការអនុវត្តគម្រោងក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក។

លោកស្រី Tania Meyer ប្រធានធនាគារពិភពលោក (World Bank) ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកស្រី ព្រមទាំងសហការីបានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ លោកស្រីបានមានប្រសាសន៍ថាធនាគារពិភពលោក បានធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទក្នុងការប្រែក្លាយទីជនបទនៅកម្ពុជាឱ្យមានភាពរីកចម្រើន។ លោកស្រីបានសម្តែងការកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ផ្ទាល់ដែលមានការតាំងចិត្តខ្ពស់ និងបានដាក់ចេញនូវយុទ្ធសាស្រ្តច្បាស់លាស់ដើម្បីប្រែក្លាយជនបទនៅកម្ពុជាឱ្យកាន់តែមានភាពស៊ីវិល័យ ស្របនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះលោកស្រីបានប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រី ប្រធានធនាគារពិភពលោក និងសហការីដែលអញ្ជើញមកនាពេលនេះ ក៏ដូចជាថ្លែងអំណរគុណចំពោះធនាគារពិភពលោកដែលបន្តគាំទ្រនៅរាល់គម្រោងនានា ដែលកំពុងអនុវត្តជាមួយក្រសួងនាពេលកន្លងមក និងសង្ឃឹមចំពោះកិច្ចគាំទ្រលើគម្រោងផ្សេងទៀតដែលកំពុងសិក្សា និងចាប់អនុវត្តនាពេលខាងមុខ៕