កសិករនៅឃុំស្រះរាំង ប្រមូលផលស្រូវសែនក្រអូប និងលក់ជូនក្រុមហ៊ុនបៃតង ក្នុងតម្លៃចុះកិច្ចសន្យាទុកជាមុន ១៣៥០៛/គីឡូ

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កសិករចំនួន២៤គ្រួសារ នៅឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រមូលផលស្រូវសែនក្រអូប និងលក់ជូនក្រុមហ៊ុនបៃតង ក្នុងតម្លៃចុះកិច្ចសន្យាទុកជាមុន ១៣៥០៛/គីឡូ សម្រាប់ស្រូវសើមទិញនៅទីវាល។

ថ្នាក់ដឹកនាំក្រសួងខាងលើ បានសង្ឃឹមថាដំណឹងនេះនេះនឹងអាចបង្កើនទំនុកចិត្តបន្ថែមទៀតដល់បងប្អូនកសិករកម្ពុជា ដែលនៅតែអល់អែករារែក ស្ទាក់ស្ទើរមិនទាន់ហ៊ានសម្រេចចិត្តងាកមករួមគ្នាផលិតស្រូវសែនក្រអូប ក្រោមទម្រង់ជាសហគមន៍កសិកម្មទំនើប។
សូមបញ្ជាក់ថា ក្រុមហ៊ុនបៃតង គឺជាក្រុមហ៊ុនតែមួយ ដែលនឹងចុះកិច្ចសន្យាធានាទិញស្រូវសែនក្រអូបពីសហគមន៍កសិកម្មទំនើបខ្នាត៥០០០ហិកតា ដែលគ្រោងនឹងបង្កើតថ្មីនៅខេត្តកំពង់ធំនាពេលខាងមុខនេះ។
តាមឯកឧត្តម ឃឹម ហ្វីណង់ «សហគមន៍កសិកម្ម & ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា» បង្ហាញពីភាពច្បាស់លាស់ មានទំនុកចិត្ត និងមិនចាំបាច់បារម្ភពីហានិភ័យទីផ្សារ។ ការធ្វើកសិកម្មនៅដាច់ដោយឡែកៗពីគ្នា តូចៗជាលក្ខណៈគ្រួសារ តែងជួបបញ្ហាប្រឈមច្រើន ជាពិសេសភាពស្រពេចស្រពិលនៃទីផ្សារ និងថ្លៃដើមខ្ពស់។
ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យប្រជាកសិករចងក្រងគ្នាផលិតជាសហគមន៍ ដើម្បីអាចមានលទ្ធភាពចាប់យកកិច្ចសន្យាច្បាស់លាស់មួយ «លក់មុនដាំ» ជាមួយនឹងសមត្ថភាពប្រកួតប្រជែងខ្ពស់ទាំងខាងផ្នែកតម្លៃ បរិមាណ និងគុណភាព។
ជាមួយគ្នានោះប្រសិនបើអាចរៀបចំជាសហគមន៍កសិកម្មទំនើបតែម្តង ក្រសួងនឹងសម្រសម្រួលស្វែងរកទុនកម្ចីការប្រាក់ទាបជូន ដោយមិនចាំបាច់ឱ្យកសិករសមាជិកជាប់បំណុលធានាគារ៕